Posted in Uncategorized

គ្រាមួយនៃជីវិត

ថ្ងៃនេះអាចនិយាយបានថាជាថ្ងៃពុធ ដ៍គួរអោយធុញថប់មួយ ខ្ញុំបេីកភ្នែកឡេីងមក
ជាមួយនឹងអារម្មណ៍អាក្រក់មែនទែន។ ខ្ញុំសឹងតែមិនចង់ចុះចេញពីគ្រែដេក ខណះកាលពីយប់ ខ្ញុំមិនបានសូម្បីតែងូតទឹក។ ខ្ញុំទទួលអារម្មណ៍ថាខ្លួនឯងលែងចង់ធ្វេីអីទៀតហេីយ ខ្ញុំត្រឹមតែចង់នៅលេីគ្រែនេះរហូត រហូតទាល់តែខ្ញុំធូរស្រាលជាងនេះ តែតួនាទី នឹងការទទួលខុសត្រូវ បានទាញខ្ញុំចេញមកនៅទីបំផុត។ យ៉ាងណាក៍ដោយខ្ញុំនៅតែបន្តស្រណោះ អាលោះអាល័យគ្រែដេកដ៍គួរអោយទាក់ទាញរបស់ខ្ញុំ តាមផ្លូវខ្ញុំបន្តគិតរឿងជាច្រេីន ខ្ញុំទៅជាអាណិតខ្លួនឯង ហេតុអ្វីត្រូវងេីបមកធ្វេីការពេលដែលគេកំពុងគេងលក់ស្រួលទៅវិញ វាកាន់តែអាក្រក់នៅពេលដែលចិត្តគំនិតរបស់ខ្ញុំវា រវេីរវាយដល់ចំណុចអវិជ្ជមានជាច្រេីនរបស់ខ្លួន ខ្ញុំគិតទៅដល់កំហុសដែលខ្ញុំបានសាង ខ្ញុំគិតទៅដល់បរាជ័យកន្លងមកដែលខ្ញុំឆ្លងកាត់ ខ្ញុំគិតទៅដល់ទំនាក់ទំនងអាក្រក់ៗរបស់ខ្ញុំជាមួយមនុស្សមួយចំនួន(ច្រេីនគួរសម😁) ខណះខ្ញុំក្រលេកទៅមេីលកញ្ចក់ឃេីញស្បែកមុខដ៍ស្លេកស្លាំង ពណ៌ប្រផេះ ស្បែកខ្មៅគ្មានជាតិរបស់ខ្លួន រាងកាយស្គមស្គាំង(ទាំងដែរមុននេះបន្តិចខ្ញុំរស់នៅជាមួយវាយ៉ាងមានក្តីសុខ) ។ មែនទែនទៅប៉ុន្មានថ្ងៃមកនេះ ខ្ញុំហាក់ដូចជា ធុញថប់ មួម៉ៅ អារម្មណ៍មិនល្អ បាត់បង់ទំនុកចិត្ត និយាយជារួម I am losing myself…រហូតទីបំផុតឃ្លាថា The suck of lifeត្រូវបានបង្ហោះចេញនៅប្រហែលម៉ោង5កន្លះព្រឹក ថ្ងៃពុធ ទី២៦ ខែ កក្កដា ឆ្នាំ២០១៧…វាជាឃ្លា ដែលប្រាប់ថា ខ្ញុំស្អប់ខ្លួនឯង ខ្ញុំមានអារម្មណ៍ថាជីវិតវាគ្មានន័យខ្លឹមសារអីសោះ(តែសូមបញ្ជាក់ថា ខ្ញុំគ្មានឡេីយ គំនិតចង់សម្លាប់ខ្លួន ព្រោះក្រៅពីព្រះមិនប្រោសហេីយ សូម្បីតែធានារ៉ាប់រងក៍គេមិនសងដែល ខ្ញុំគ្មានផ្លូវធ្វេីរឿងខាតៗចឹងទេ😜😜)…និយាយពីរឿងstatus កន្លងទៅប្រហែល មួយម៉ោង ខ្ញុំទទួលបានសារ ពីមិត្តម្នាក់ គេសួរខ្ញុំថា suck mdom na??? និយាយទៅ បុិនឹង គ្មានចិត្តចង់ម៉ោសួរសុខទុកអីខ្ញុំទេ(ចូលចិត្តចាក់ដោតគេណាស់🙃🙃) សំនួរអោយឡេីងភ្លាវ តែវាក៍ធ្វេីអោយខ្ញុំសេីចបន្តិច ហោចណាស់សារទាំងព្រលឹមអុលរបស់ខ្ញុំមានអ្នកចាប់អារម្មណ៍ដែរ (អរគុណ)…ប៉ុន្តែសុខៗ ខ្ញុំយកសារនោះមកគិត suck ម្តុំណា??? ដូចខ្ញុំធ្លាប់ប្រាប់អ្នកទាំងអស់គ្នា ខ្ញុំជាមនុស្សពូកែគិត(ពេលខ្លះអត់ប្រយោជន៍😁😁)ដូច្នេះ ជាមួយនឹងសំនួរភ្លាវៗរបស់ម្នាក់នោះ ស្រាប់តែធ្វេីអោយខ្ញុំគិតឃេីញរឿងមួយ មែនទែនទៅជីវិតរបស់មនុស្សយេីង ប្រៀបដូចផ្លូវដ៍វែងឆ្ងាយ ដែលយេីងក៍មិនដឹងដូចគ្នាថាវានឹងបញ្ចប់នៅពេលណា នឹងជួបអ្វីខ្លះ ហេីយនេះជាភាពអាថ៌កំបាំងដ៍គួរអោយចង់ស្វែងយល់នៃជីវិត..ជាថ្មីម្តងទៀត suck នៅម្តុំណា??? សំនួរនេះទាញ ខ្ញុំទៅរកអតីតកាលជាច្រេីនរបស់ខ្ញុំ គិតមកទល់ពេលនេះមានរឿងជាច្រេីនដែលពេលនោះខ្ញុំគិតថាពិបាកនឹងឆ្លងផុត តែខ្ញុំនៅតែដេីរមកដល់ថ្ងៃនេះបាននៅទីបំផុត។…ខ្ញុំនៅចាំថាមានពេលនោះ ប្រហែលជានៅអាយុ8ឆ្នាំ ខ្ញុំធ្វើអោយបាត់ខ្សែកផ្លាទីន នៅសាលាដោយសារខ្ញុំដោះវាទុកនៅក្នុងថ្នាក់ពេលទៅលេងវ៉ៃគ្នាជាមួយមិត្តភ័ក្រ្ត ពេលនោះខ្ញុំដឹងត្រឹមថា ជីវិតខ្ញុំរលំរលាយអស់ហេីយ តេីនឹងទៅប្រាប់អ្នកផ្ទះថាម៉េច?? តេីម៉ាក់នឹងចាត់ការខ្ញុំយ៉ាងម៉េច?? ក៍មានពេលដែលខ្ញុំនៅរៀនវិទ្យាល័យ ដេីរលេងមិនចូលសាលារហូតអត់ចំណាត់ថ្នាក់គ្រូម៉ោដលផ្ទះ ម៉ាកខ្ញុំគ្មានប្រណី វ៉ៃផង ជេរផង ខ្ញុំក៍ខូចចិត្តមិនស្ទេីរ តែក្រោយមកគ្រប់យ៉ាងក៍កន្លងហួសទៅ មកដល់ពេលនេះខ្ញុំស្ទេីរតែភ្លេចវាអស់ទៅហេីយ ហេីយមានម្តងនោះខ្ញុំ យកលុយបង់សាលាមួយឆ្នាំ ចាយអស់ ខណះTrandscript ចេញម៉ោធ្លាក់អោយព្រោងព្រាត ម៉ាក់ដឹង ម៉ាក់ខឹងណាស់ គាត់ស្ទេីរតែអោយខ្ញុំឈប់រៀន ខ្ញុំក៍ខឹងខ្លួនឯង ខ្ញុំក៍ស្អប់ខ្លួនឯង ខ្ញុំគិតថាខ្ញុំដឹកនាំជិវិតម៉ោ យ៉ាងបរាជ័យ។ តែក្រោយមកអ្វីដែលខ្ញុំដឹង នៅទីបំផុតទៅ រឿងរ៉ាវដែលខ្ញុំគិតថា ជាបញ្ហាធំៗ(នៅពេលនោះ) សុទ្ធតែអាចដោះស្រាយបាន។ បាត់ខ្សែក ម៉ាក់ខ្ញុំគ្រាន់តែស្តីអោយ នឹងវ៉ៃបន្តិចបន្តួចគ្រប់យ៉ាងក៍ចប់(វាមិនបានអាក្រក់ដូចខ្ញុំគិត) អត់ចំណាត់ថ្នាក់ តែទីបំផុតខ្ញុំនៅតែអាចប្រលងជាប់ថ្នាក់វីទ្យាល័យ រៀនធ្លាក់ច្រេីនមុខ មិនយកលុយបង់សាលា តែខ្ញុំក៍រៀនបានរហូតមានការងារធ្វេីដល់សព្វថ្ងៃ។ និយាយនេះមិនមែនកាន់ជេីងខ្លួនឯង តែគ្រាន់កំពុងប្រាប់ថា បញ្ហាបច្ចុប្បន្នមិនមែននៅជាមួយយេីងរហូតនោះទេ មានពេលមួយ យេីងនឹងចេញផុតពីវា ហេីយអ្នកណាទៅដឹងពេលយេីងក្រលេកមកមេីលវាម្តងទៀត វាមិនបានទៅយ៉ាប់យុឺនណាស់ណាទេ សំខាន់តើអ្នកនឹងក្លាហានដេីរចេញពីវាលឿនប៉ុណ្ណា តេីអ្នកចង់នៅរាុំរ៉ៃដល់ណា?? ជិវិតវាវែងឆ្ងាយ នឹងមានរឿងលាក់ទុកនៅខាងមុខច្រើនរហូតស្មានមិនដល់ អញ្ចឹងមិនថាមានរឿងអ្វីប្រាប់ខ្លួនឯង រឹងមាំឡេីង ដេីរទៅមុខ ទៅជួបរឿងរ៉ាវថ្មីៗខាងមុខ។ ចាត់ទុកជីវិតវាផ្លូវមួយដែលអ្នកត្រូវតែឆ្លងកាត់។ ចូរធ្វើជាអ្នកដំនេីរ ដ៍ពូកែ នឹងជំនាញ ត្រូវដឹងថាផ្លូវណាត្រូវជៀសស្ទះ ផ្លូវណាត្រូវគេចប៉ូលិស ផ្លូវណាត្រូវឆ្លងភក់ ត្រូវណាត្រូវវារ ផ្លូវណាត្រូវលូន សំខាន់ត្រូវដឹងថាទៅមុខជានិច្ច។ ់ដូចជាខ្ញុំ ខ្ញុំដេីរលេីផ្លូវ ផ្លូវជីវិតរបស់ខ្លួនឯងជាង23ឆ្នាំមកហេីយ ក៍ជួបរឿងរ៉ាវច្រេីនរាប់មិនអស់ តែមកដល់ពេលនេះ នៅម្តុំណាមិនដឹងនៃជីវិត ដឹងត្រឹមថាវាគឺជាសប្តាហ៍ចុងក្រោយនៃខែកក្កដា ឆ្នាំ២០១៧ ខ្ញុំដើរមកដល់ផ្លូវមួយដែលពិបាក វាសុទ្ធតែអ័ព្ទ វាស្រពិចស្រពិល ជុំវិញសុទ្ធតែសម្លេងដែលបន្លាចខ្ញុំ តែអ្វីដែលខ្ញុំប្រាប់ខ្លួនឯងពេលនេះ គឺទៅមុខ ទៅរកពេលវេលាមួយដែលខ្ញុំអាចញញឹម នឹងមានក្តីសុខ ពេលវេលាដែលខ្ញុំអាចមានលទ្ធភាពគ្រប់គ្រាន់ ទៅជិះស្គីទឹកកក នឹងញាំសូកូឡានៅស្វីស ភ្លក់ស្រាក្រហមនៅបារាំង ជិះទូកក្រោមស្ពានផ្សងរកស្នេហ៍ពិតនៅវេនីស ចុងក្រោយក៍ទៅលោតskydiving នៅនេប៉ាល់😂😂😂…ហីបេីជិិវិតខ្ញុំ មានរឿងត្រូវធ្វេីច្រើនម្លឹងៗ អោយខ្ញុំនៅឆ្គួតចិត្តមួយកន្លែងយ៉ាងមិច (ចង់ប្រាប់ថាយេីងមិននៅជាមួយឯងទេអាstressចង្រៃ😏😏)….
Note: សុំចប់ រវល់ហី🤓
#statusoftheday #Life_20s #26.07.17
Posted in Uncategorized

Time to Drop Socail Network Behind and Enjoy a Reality

ទម្លាប់មានទូរស័ព្ទជាប់ដៃបានក្លាយទៅជារឿងដែលមិនអាចខ្វះបានទៅហេីយសម្រាប់ខ្ញុំនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ វាក្លាយទៅជារឿងចាំបាច់បំផុតមួយក្នុងជីវិត ពេលខ្លះអត់វាស

Posted in Uncategorized

ថ្ងៃច័ន្ទដែលមិនគួរអោយចងចាំ

monday-cartoon-text-hand-drawn-colored-whimsical-special-occasion-expression-reads-43719352ថ្ងៃច័ន្ទប្រហែលជាថ្ងៃដ៏ល្អមួយ បើទោះវាជាថ្ងៃដែលចូលមកបញ្ចប់ចុងសប្តាហ៏ដ៏រីករាយរបស់គ្រប់គ្នា តែខ្ញុំជឿថាមានមនុស្សមិនច្រើននោះទេដែលស្អប់ថ្ងៃច័ន្ទ មិនស្អប់ដោយហេតុថា វាជាថ្ងៃដំបូងនៃសប្តាហ៏ ថ្ងៃដ៏ពេញនិយមក្នុងការចាប់ផ្តើមធ្វើអ្វីដែលថ្មី។  ប៉ុន្តែក៏មានមនុស្សមិនតិចនោះដែរ ដែលគ្មានឪកាសឆ្លងកាត់វាម្តងទៀត​ ខណះខ្ញុំមានសំណាងជាងពួកគេ សំណាងត្រង់ថារហូតមកទល់ពេលនេះខ្ញុំមានអាចបើកភ្នែកឃើញ រួមដំនើរ និងនិយាយថាអរុណសួស្តីថ្ងៃច័ន្ទជាងមួយពាន់ដងទៅហើយ។ ក្នុងរយះពេលដ៏ច្រើននេះ ខ្ញុំមិនចាំនោះទេថា​តើថ្ងៃច័ន្ទទាំងនោះ  បាននាំអ្វីខ្លះមកអោយខ្ញុំ វាប្រហែលជាមានទាំងរឿងល្អ រឿងអាក្រក់ រឿងដែលធ្វើអោយយខ្ញុំសើច ក៏រឿងដែលធ្វើអោយខ្ញុំយំ ប់ុន្តែមិនអាចបដិសេដថា រឿងទាំងនោះមានចំណែកយ៉ាងធំធ្វើអោយមានខ្ញុំថ្ងៃនេះ នៅថ្ងៃដែលខ្ញុំត្រូវមកជួបថ្ងៃច័ន្ទម្តងទៀត ថ្ងៃច័ន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៧។ ថ្ងៃច័ន្ទ ដែលផ្តល់អោយខ្ញុំនូវអារម្មណ៏ដ៏សោះកក្រោះ អស់សង្ឃឹម និងបាក់ទឹកចិត្ត។ ខ្ញុំទទួលអារម្មណ៏ថាហេងហាង ខ្សោះៗ ដោយហេតុថា​រឿងមួយចំនួនវាកើតឡើងព្រមៗគ្នា រឿងដែលចូលមកទាញទម្លាក់ក្តីប្រាថ្នាដ៏តូចតាចរបស់ខ្ញុំ។ កាន់តែគិតខ្ញុំកាន់តែមិនយល់ អន់ចិត្ត និង​រអៀសខ្លូន ប៉ុន្តែគិតសព្វៗទៅ ក៏រកឃើញច្រកចេញសម្រាប់ខ្លួនឯង។ វាមិនមែនជាថ្ងៃច័ន្ទចុងក្រោយឯណា មិនត្រឹមតែប៉ុណ្ណឹងខ្ញុំនៅមានថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បត្ត៏ រហូតដល់ថ្ងៃអាទិត្យ អ្នកណាទៅដឹងថាថ្ងៃទាំងអស់នេះអាចនិងប៉ះប៉ូវសងខ្ញុំយ៉ាងសមតម្លៃក៏ថាបាន។ ហើយបើថ្ងៃច័ន្ទសប្តាហ៏នេះវាគួរអោយស្អប់យ៉ាងនិងចងចាំវាធ្វើអី បំភ្លេចវាទៅ អ្នកនៅមានថ្ងៃច័ន្ទរាប់ពាន់ រាប់មុឺនទៀតដើម្បីចងចាំ បំភ្លេចអ្វីដែលធ្វើអោយជីវិតយើងឈឺចាប់ទៅ។ ស្អែកនៅតែមានសម្រាប់ការចាប់ផ្តើម។ មនុស្សដើរចូលមកក្នុងជិវិតរបស់យើងមិនប្រាកដថាសុទ្ធតែត្រូវនៅនោះទេ បើទោះយើងចង់អោយគេនៅក៏ដោយ តែកុំបារម្ភមនុស្សជាងប្រាំពីរពាន់លានអ្នក ថ្ងៃណាមួយនិងមានម្នាក់ដែលដើរមកហើយមិនទៅណា នៅចាំធ្វើជាគ្នានិងគ្នារហូតតទៅ៕

Posted in Uncategorized

វ័យ២២ឆ្នាំរបស់ខ្ញុំ

birthday cake
គិតមកទល់ថ្ងៃនេះ វាមានរយះពេល8035ថ្ងៃនឹង8ម៉ោង ឬស្មេីរ22ឆ្នាំគត់ ដែលខ្ញុំបានបេីកភ្នែកមកឃើញព្រះអាទិត្យដ៍កក់ក្តៅនៅលេីផែនដីដ៍ស្រស់បំព្រងមួយនេះ។ ប្រេីពេលវេលាយូរថ្នាក់នេះជាមួយមនុស្សជុំវិញខ្លួន នឹងឆ្លងកាន់រឿងរ៉ាវច្រើនរាប់មិនអស់ វាធ្វេីអោយខ្ញុំទទួលបានមេរៀនមិនតិចនោះទេ មេរៀនដែលបង្រៀនខ្ញុំអោយដឹងថា ការដែលអាចមានឱកាសបេីកភ្នែកមកឃើញព្រះអាទិត្យម្តងទៀតនៅថ្ងៃនេះ គឺជារឿងមហស្ចារ្យណាស់។ ទាំងខ្ញុំទាំងអ្នក សុទ្ធតែដឹងថាទម្រាំអាចដេីរមកដល់ពេលនេះ យេីងគ្រប់គ្នាសុទ្ធតែបានហែលឆ្លងនូវឧបសគ្គនឹងពេលវេលាជាច្រេីន ពេលវេលាដែលធ្វេីអោយយេីងពិបាកនឹងភ្លេច។
‪#‎កុមារភាពដែលពោរពេញដោយទឹកភ្នែកនឹងស្នាមញញឹុម‬
ខ្ញុំកេីតនៅថ្ងៃ អង្គារ៍(ម៉ែខ្ញុំថាចឹងបានខ្ញុំក្បាលរឹង)ទី10 ខែ ឧសភា ឆ្នាំ1994(22ឆ្នាំអោយគត់ ប៉ុន្តែមានអ្នកចេះតែច្រលំថាខ្ញុំទេីបតែ១៦😜😜😜😜)។ កេីតក្នុងត្រកូលគ្រួសារមួយដែលមានជីវភាពមធ្យមក្នុងខេត្តព្រៃវែង ក៍មិនមែនជារឿងអាក្រក់ដែរសំរាប់ខ្ញុំ។ ថ្វីត្បិតថាខ្ញុំមិនអាចបានគ្រប់អ្វីដែលខ្ញុំចង់បាន តែខ្ញុំមានគ្រប់អ្វីដែលខ្ញុំត្រូវការ(តាមទ្រឹស្តីម៉ាស្លូ)។ ហេីយអ្វីដែលកាន់តែសំណាងនោះ ខ្ញុំកេីតចំគ្រួសារដែលមានកូនស្រីតែម្នាក់(ខ្ញុំ😄😄) ចឹងចង់មិនចង់ខ្ញុំកាន់សន្លឹកបៀរដែលមានតែមធំជាងបងប្អូនជនរួមផ្ទៃ(និយាយអោយស្រួលស្តាប់បងប្អូនខ្ញុំ😜😜) ជាហេតុធ្វេីអោយខ្ញុំរាងអឿបន្តិច រហូតដល់ថ្ងៃមួយ ថ្ងៃដែលប៉ានឹងម៉ាក់ខ្ញុំពោលពាក្យមួយដែលបំផ្លាញទឹកចិត្តខ្ញុំយ៉ាងដំំណំ។ គាត់ថាកុំថាឡេីយកូនស្រីតាមួយ ម៉ាកំណាត់ជ្រៀកជាបួន ក៍គាត់វ៉ៃ គាត់មិនកាន់ជើងដែរ។ ស្តាប់ពាក្យគ្រោតគ្រាតទាំងនេះហេីយ ខ្ញុំហាក់ភ្ញាក់ខ្លួន ភ្ញាក់ខ្លួនដឹងថាខ្ញុំប្រហែលមិនអាចប្រេីសមាសភាពជាកូនស្រីតែម្នាក់ដេីរអុកឡុកពិភពគុណទៀតទេ ដូច្នេះជម្រេីសមានតែមួយគត់គឺ ចាប់កាន់អាវុធតស៊ូវិញម្តង។ ហេីយមិនច្បាស់ថាវាជាចរឹកធម្មជាតិ ឬក៍ដោយសារបរិស្ថានជុំវិញខ្លួនដែលហ៊ុំព័ទ្ធសុទ្ធទៅដោយប្រុសៗ ទេីបធ្វេីអោយខ្ញុំទៅជាស្លុយតាមបងប្អូនប្រុសរបស់ខ្ញុំអស់។ ខ្ញុំខុសអស់ក្មេងស្រីនៅក្នុងភូមិ ខ្ញុំមិនចេះឡេីយល្បែងដែលក្មេងស្រីលេងនៅសម័យនោះ(អាកាន់តែសំខាន់គឺពេលខ្លះគេមិនអោយលេងតាហ្មង ព្រោះគេសាញថាខ្ញុំតូចពេកលេងមិនឈ្នះគេ ហេីយខ្ញុំពិតជាស្អប់ស្ថានភាពបែបនេះណាស់ ស្ថានភាពដែលខ្ញុំយល់ថា ខ្លួនឯងគ្មានចំនុចពិសេសតែជាបន្ទុកសម្រាប់គេ គេប្រេីប្រាស់ការអាណិតដេីម្បីរេីសខ្ញុំ។ដូច្នេះខ្ញុំគ្មានជម្រេីស ក្រៅតែពីប្តូរមុខព្រួញមករកក្រុមក្មេងប្រុសៗវិញ ព្រោះពួកគេហាក់អោយតម្លៃតិចទៅលេីកាយសម្បទា តែទឹកចិត្តដែលក្លាហានក្នុងការកាប់ចាក់ជាមួយពួកគេ។ ចំនែកខ្ញុំដែលត្រូវបានបង្វឹកជាមួយបងប្អូនខ្ញុំយូរមកហេីយនោះ អាចសម្របខ្លួនបានយ៉ាងងាយចំពោះលក្ខខណ្ឌបែបនេះ គ្មានល្បែងមួយណាឡេីយដែលខ្ញុំមិនចេះលេង បាល់ទាត់ កូនប៉ែង បាញ់ឃ្លី ឈូសសុីលុយ បាញ់មេតាំង ធាក់សេះ ប្រណាំងកង់លែងដៃចុះពីលេីទួល លោតឆ័ត្រយោង វ៉ៃកីឡាកាស ធ្វេីសង្រ្គាម -ល-។ ជាមួយនឹងសមត្ថភាពអស់នេះវាអាចជួយអោយខ្ញុំក្លាយទៅជាក្មេងដែលលេចធ្លោនៅក្នុងភូមិយ៉ាងឆាប់រហ័ស(ព្រោះង៉ៃណាក៍ម៉ែវ៉ៃផ្អេីលអស់អ្នកភូមិ អារឿងកាច់របងផ្ទះមកធ្វេីដាវធ្វេីដំបងកូនប៉ែង..😁😁😁)។ ហេីយក៍ព្រោះតែខ្ញុំចំណាយកុមារភាពបែបនេះហេីយ ទេីបវាមិនមែនរឿងចំលែកនោះទេដែលខ្ញុំធំធាត់ឡើងមកជាមួយស្នាមរបួស3ថ្នេរនៅលេីផ្ទៃមុខដល់ផូរផង់(អាផូរផង់នឹងខ្ញុំពន្លេីសតិច😜😜)រហូតដល់សព្វថ្ងៃ ដែលវាជាសក្ខីកម្មនៃកុមារភាពដ៍រីករាយនឹងរឹុងបុឹងរបស់ខ្ញុំ។

‪#‎ជីវិតតំបូងនៅសាលារៀន‬
ខ្ញុំចាំបានថាខ្ញុំចូលរៀនតំបូងនៅអាយុ5ឆ្នាំ។ ខ្ញុំមិនបានឆ្លងកាត់មត្តេយ្យសិក្សានោះទេ។ហេីយរហូតមកទល់ពេលនេះ ថ្ងៃតំបូងនៅសាលារៀននៅតែដក់ជាប់ក្នុងការចងចាំរបស់ខ្ញុំ ថ្ងៃដែលខ្ញុំដេីរងេីបស្មាពេីងទ្រូងចូលថ្នាក់រៀនប្រកបដោយជំនឿចិត្ត។ ដឹងថាហេតុអ្វីឬអត់ ព្រោះនៅពេលនោះខ្ញុំចេះអក្សរ ‪#‎ច‬(ដោយសារវាជាឆ្នាំកំណេីតរបស់ខ្លួនឯងស្រាប់) តាំងពីមិនទាន់ចូលរៀន ដែលវាធ្វេីអោយខ្ញុំមានមោទនភាពចំពោះខ្លួនឯងមែនទែន ខ្ញុំជឿថាខ្ញុំមិនចាញ់នរណាឡេីយ ហេីយដូចជាគេថា ជំនឿចិត្តគឺជារឿងសំខាន់ ‪#‎នៅពេលដែលអ្នកជឿថាអ្នកអាចធ្វេីបានអ្នកប្រាកដជាធ្វេីបាន‬ ជាក់ស្តែងដូចជាខ្ញុំអញ្ចឹង ថ្វីត្បិតតែខ្ញុំចូលរៀននៅអាយុ5ឆ្នាំ តែជា5ឆ្នាំដែលពេញដោយជំនឿចិត្ត រហូតខ្ញុំអាចឆ្លងកាត់វាបាន។ ខ្ញុំត្រូវបានគ្រូសម្រេចអោយឡើងថ្នាក់ ទាំងមិនគ្រប់អាយុហេីយវាក៍បន្តបែបនេះរហូតដល់ខ្ញុំបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យជាស្ថាពរនៅឆ្នាំ2011នឹង ថ្នាក់មហាវិទ្យាល័យ(មិនទាន់ដឹងព្រោះ ជំពាក់កិច្ចការសាលាច្រេីនពេក)
‪#‎បេះដូងរបស់ខ្ញុំ‬
ស្តាប់ការរៀបរាប់របស់ខ្ញុំអ្នកប្រាកដជាគិតថា ខ្ញុំដូចជាក្មេងប្រុស ក្លាហាន ចូលចិត្តលេងទាត់ធាក់ ប៉ុន្តែការពិតទៅខ្ញុំមានបេះដូងមួយដ៍ទន់ភ្លន់។ ខ្ញុំឆាប់យំ(តែខ្ញុំតែងប្រាប់គេថាដោយសារក្រពេញទឹកភ្នែកខ្ញុំនៅរាក់ពេក មិនមែនដោយសារខ្ញុំទន់ជ្រាយនោះទេ) ហេីយបេីនិយាយពីរឿងស្នេហាវិញ អ្នកទាំងអស់គ្នាអាចមិនជឿ ខ្ញុំដែលអ្នកណាៗក៍មេីលមកថាជាក្មេងប្រុសតែបែរជាចេះលួចស្រលាញ់កូនកម្លោះគេតាំងពីអាយុមិនទាន់បាន7ឆ្នាំស្រួលបួល។ ស្នេហាគ្រាតំបូងរបស់ខ្ញុំគឺ ក្មេងប្រុសម្នាក់ដែលមានវ័យបងខ្ញុំ ប្រហែលជាបីឆ្នាំ គេរស់នៅខាងកេីតឈៀងខាងលិចផ្ទះខ្ញុំ គេមានសម្បុរស ខ្ពស់ ស្គម រៀនពូកែ នឹងក្លាហាន គេជាទីនិយមរបស់ក្មេងៗនៅក្នុងភូមិ គេពូកែនឹងទាន់សម័យ គេតែងមានរបស់លេងល្អៗ មានចំណេះដឹងថ្មីៗជានិច្ច គេទាំងជាអ្នករៀន នឹងជាអ្នកលេង នៅសាលាគេជាសិស្សពូកែ នៅក្នុងភូមិគេជាអ្នកកា្លហាន ជាមេបក្សអ៊ូតាំង ខណះខ្ញុំក៍ជាមេបក្សអ៊មី(ឃេីញអត់គូរព្រេងអោយច្បាស់កាឡែត😜😜😜) ហេីយព្រោះតែភាពសម្បូរបែបរបស់គេបែបនេះហេីយទេីបធ្វេីអោយ ខ្ញុំលង់គេងេីបមុខមិនរួច ប៉ុន្តែគ្រប់យ៉ាងមិនបញ្ចប់ត្រឹមប៉ុណ្ណេះឡេីយ បេះដូងតូចច្រម៉ក់ប៉ុនក្តាប់ដៃរបស់ខ្ញុំ បន្តយកមនុស្សមកដាក់បញ្ចូលម្នាក់ហេីយម្នាក់ទៀត រហូតដល់ទីបំផុតទៅមានមនុស្សមិនតិចជាង15នាក់ឡេីយ ដែលធ្លាប់បាននៅក្នុងនោះ ប៉ុន្តែអ្វីដែលគួរអោយអាម៉ាស់នឹងហួសចិត្តបំផុតនោះគឺគ្មានឡេីយអ្នកណាម្នាក់ក្នុងចំណោមពួកគេ មេីលឃេីញខ្ញុំ ខ្ញុំបានត្រឹមតែជាទន្សាយស្នេហ៍ច័ន្ទ ផ្លាស់ប្តូរCrushមួយឆ្នាំ មួយ ឬពីរ(តាមស្ថានភាពជាក់ស្តែង😜😜)។ ប៉ុន្តែគេថា មនុស្សល្អ ខ្មោចជួយ ព្រះអោយពរមែន នៅទីបំផុត ក្រោយពីប្រេីពេលវេលាជាង10ឆ្នាំតាមប្រមាញ់កូនកម្លោះគេបរាជ័យរហូតនោះខ្ញុំបានជួបនឹងបុរសម្នាក់ បុរសដែរខុសពីមាត្រដ្ឋានដែរខ្ញុំធ្លាប់រំពឹងទុកសឹងគ្រប់យ៉ាង គាត់មិនមែនជាបុរសសង្ហា មិនមែនជាបុរសលេចធ្លោ មិនមែនជាមនុស្សពូកែ រឹតតែមិនមែនជាអ្នកមាន ប៉ុន្តែជាគាត់ បុរសដ៍សាមញ្ញម្នាក់ បុរសសាមញ្ញដែលរស់នៅជាមួយបេះដូងដ៍ទន់ភ្លន់ អធ្យាស្រ័យ ស្ងប់សុខ នឹងចិត្តត្រជាក់ ចិត្តត្រជាក់ដែលជានិច្ចកាលតែងតែមានឥទ្ធិពលលេីសលប់មកលេី កូនឆ្កែឆ្គួតដូចជាខ្ញុំ។ ប៉ុន្តែយ៉ាងណា ខ្ញុំគ្រាន់តែជាមនុស្សស្រីដ៍ធម្មតាម្នាក់ ខ្ញុំមិនមែនជាព្រះនាងម្ចាស់ស្មោះស្នេហ៍ ក្នុងរឿងប្រលោមលោក ខ្ញុំសារភាពថាខ្ញុំធ្លាប់គិត នឹងធ្លាប់បែកគ្នាព្រោះខ្ញុំដឹងថាខ្ញុំមានជម្រេីសល្អ ល្អជាងបុរសម្នាក់ដែលខ្ញុំកំពុងអោបក្នុងដៃ ហេីយជាលទ្ធផល ខ្ញុំពិតជាអាចរកបាន មនុស្សដែលល្អជាងគាត់ ពិសេសជាងគាត់ តែគេគ្មានអ្វីម្យ៉ាងដែលគាត់មាន នោះគឺការស្រលាញ់ដែលមកព្រមជាមួយការយកចិត្តទុកដាក់ ការបារម្ភ ការស្រលាញ់ដែលពោរពេញដោយការយោគយល់អធ្យាស្រ័យ ការស្រលាញ់ដែរមិនប្រេីពាក្យសម្តីតែជាកាយវិការ។ ជាង2ឆ្នាំនៃទំនាក់ទំនងរបស់ពួកយេីង ស្ទេីរតែរាល់ថ្ងៃដែលខ្ញុំតែងឃេីញសារ អារុណសួស្តីីលោតមកជានិច្ច ខ្ញុំតែងទទួលបានជានិច្ចនូវអារម្មណ៍នៃការយកចិត្តទុកដាក់ជាពិសេសខ្ញុំកម្រទទួលអារម្មណ៍ថាខ្លួនឯងជាជម្រេីសទីពីរណាស់ ហេីយគ្រប់ពេលដែលមានអារម្មណ៍បែបនេះ ច្បាស់ណាស់ ងរបែកខ្ទះហ្មង😂😂😂) ជារួមត្រលប់មកវិញ គាត់មានចំណុតល្អជាច្រេីន ដែលអោយខ្ញុំអង្គុុយតាប៉ែរាប់ម៉ោងក៍មិនអស់។ ហេីយព្រោះតែបែបនេះ មិនថាបែកគ្នាប៉ុន្មានដង ព្យាយាមរកអ្នកថ្មីប៉ុន្មាននាក់(បញ្ជាក់គ្រាន់តែចង់រកប៉ុណ្ណោះ មិនដែលបានចាប់ផ្តេីមអីបានម្តង) ខ្ញុំនៅតែត្រូវតែបញ្ចប់ដោយការត្រលប់មកកាន់ដៃបុ រសសាមញ្ញម្នាក់នេះម្នាក់ដដែ់លជាដដែល។ ប៉ុន្តែនៅពេលនេះខ្ញុំហ៊ាននិយាយដោយមោទភាពថា ប្រសិនបេីគេវាយតម្លៃលេីសំណាងមនុស្សស្រីម្នាក់ដោយការដែលអាច រកបានមនុស្សប្រុសម្នាក់ដែលនរណាៗក៍ស្ងប់ស្ញែង បុរសដែលអាចផ្តល់អោយនាងនូវគ្រប់អ្វីដែលនាងចង់បាននោះ ខ្ញុំមិនបដិសេធទេ ថាខ្ញុំជាមនុស្សស្រីដែលគ្មានសំណាងទាល់តែសោះ ព្រោះខ្ញុំគ្រាន់តែអាចរកបានមនុស្សប្រុសធម្មតាម្នាក់ ដែលមិនអាចអោយគ្រប់អ្វីដែរខ្ញុំប្រាថ្នា តែខ្ញុំប្រាកដថាគេនឹងកាន់ដៃខ្ញុំ ដេីរទៅរកអ្វីដែលយេីងចង់បាន ដោយមានបេះដូងយេីងទាំងពីរជាដេីមទុន។ ‪#‎ព្រោះស្នេហាវាមិនមែនជាជម្រេីស‬

‪#‎ការងាររបស់ខ្ញុំ‬
វាផ្តេីមចេញពីទេពកោសល្យនឹងការស្រលាញ់យ៉ាងងប់ងុល។ ខ្ញុំជាក្មេងម្នាក់ដែលមិនសូវចូលចិត្តរៀន តែខ្ញុំពិតជាចូលចិត្តអាន ខ្ញុំចូលចិត្តមេីលគ្រប់អត្ថបទ(ជាពិសសសអាប្រលោមលោកចូលតួនឹងហ្មង😄😄)។ ការអានពិតជាជួយអោយកំរិតចំនេះដឹងផ្នែកភាសារបស់ខ្ញុំរីកចម្រេីនយ៉ាងឆាប់រហ័ស ត្រឹមតែថ្នាក់ទីពីរ ប៉ុណ្ណោះខ្ញុំអាចអានបានយ៉ាងល្អ ដូច្នេះហេីយទេីបវាមិនចម្លែកទេ ដែលរាល់តួនាទីនៃការអានទាំងអស់ មិនថាអំនាន ឬរឿងនិទានក្នុងថ្នាក់ត្រូវធ្លាក់មកលេីខ្ញុំ។ ហេីយឱកាសទាំងនេះបានក្លាយជាកម្លាំងជម្រុញចិត្តអោយខ្ញុំស្រលាញ់ការអានកាន់តែខ្លាំង ខ្លាំងរហូត ធ្វេីអោយខ្ញុំគិតថាខ្ញុំចង់ធ្វេីវាអោយបានច្រេីន។ហេីយវាអាចជានិស្ស័យ ឬភាពចៃដន្យ ឪពុករបស់ខ្ញុំជាមនុស្សចូលចិត្តមេីលពត៌មាន ដូច្នេះស្ទេីរតែរាល់ថ្ងៃ ខ្ញុំតែងលឺសម្លេងអានព៌តមាន យ៉ាងពិរោះ មុឺងម៉ាត់របស់អ្នកស្រី រស់សោភនី រហូតការអានពត៌មានបានក្លាយទៅជាការងារអទិភាពសម្រាប់ក្មេងស្រីស្រុកស្រែម្នាក់នេះ។ ខ្ញុំតែងចិញ្ចឹមចិត្ត នឹងក្តីស្រម៉ៃចងធ្វេីការបែបនេះជានិច្ច។ ហេីយនៅក្នុងដំណេីរនេះមានមនុស្សជាច្រេីនជាតួគម្រូរបស់ខ្ញុំ ត្បិតយេីងមិនស្គាល់គ្នាតែខ្ញុំបានរៀនរឿងជាច្រេីនពីពួកគាត់ ជាក់ស្តែងមានដូចជា អ្នកស្រី រស់សោភនី អ្នកស្រី កង កល្យាណ…..។ ប៉ុន្តែគេថាកង្វះពត៌មានគឺធ្វេីអោយការសម្រេចចិត្តមានភាពមិនច្បាស់លាស់គឺពិតជាត្រឹមត្រូវ។ ខ្ញុំក្រោយបញ្ចប់ថ្នាក់វិទ្យាល័យនឹងតស៊ូមតិជាមួយអ្នកផ្ទះយ៉ាងស្វិតស្វាញនោះ ទីបំផុតមានឱកាសបានស្គាល់ទឹកដីភ្លេីងពណ៏ ដែលស្ទះផ្លូវគ្មានលស់ថ្ងៃ នឹងគេ។ ប៉ុន្តែជម្រេីសនៃការសិក្សា គឺត្រូវស្ថិតនៅក្រោមការចាត់តាំងរបស់សាច់ញាតិដែលជាអ្នកមានបទពិសោធន៍ ដេីម្បីធានាថាខ្ញុំអាចមានការងារធ្វេីក្រោយបញ្ចប់ការសិក្សា ចំនែកខ្ញុំដែលមានក្តីស្រម៉ៃតែមិនដឹងទៅណានោះគ្មានជម្រេីសក្រៅពីតាមពួកគាត់ ព្រោះខ្ញុំគ្រាន់តែដឹងថា ដេីម្បីតាមក្តីស្រម៉ៃមួយនេះតំបូងខ្ញុំត្រូវតែចេញពីផ្ទះ ហេីយមកចាប់យកបទពិសោធន៍ថ្មីៗនៅទីក្រុង។ ប៉ុន្តែយ៉ាងណាក៍ដោយ ពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំដែល រៀនខុសជំនាញបែបនេះ ហាក់ដាច់ឆ្ងាយពីគោលដៅរបស់ខ្លួន ខ្ញុំស្ទេីរតែភ្លេចវាម្តងៗ។ ប៉ុន្តែអរគុណនូវរឿងមួយ រឿងមួយដែលចូលមកផ្លាស់ប្តូរជីវិតការងារខ្ញុំទាំងស្រុង នោះគឺដំណឹងនៃការជ្រេីសរេីសពិធីការនីពត៌មានរបស់ទូរទស្សន៍ក្នុងស្រុកមួយ ហេីយអាចថាជាសំណាង ទីបំផុតខ្ញុំអាចជាប់ការជ្រេីសរេីសលេីកនោះ ទាំងដែលខ្ញុំមិនដែលមានបទពិសោធន៍លេីជំនាញទាល់តែសោះ។ ហេីយវិនាទីនោះហេីយដែលចំនុចផ្តេីមនៃជីវិតការងារជាទីពេញចិត្តរបស់ខ្ញុំ។ ខ្ញុំរៀនបានយ៉ាងលឿនពីការងារនោះ ខ្ញុំមិនហត់ក្នុងការរៀនអ្វីដែលថ្មី ធ្វេីបានល្អឬអត់ខ្ញុំតែងតែសាកល្បងវាជានិច្ច។ រហូតដល់ទីបំផុត ប្រេីរយះពេលតែប្រាំមួយខែ ខ្ញុំអាចផ្លាស់ប្តូរមកកាន់កន្លែងថ្មី ដែលវាជាសង្វៀនថ្មីមួយសម្រាប់ខ្ញុំ ខ្ញុំត្រូវប្រឈមជាមួយរឿងជាច្រេីន ប្រជែងជាមួយខ្លួនឯង ខ្លួនឯងការពីម្សិលមិញ។ ប៉ុន្តែយ៉ាងក៍ដោយដេីរមកដល់ចំនុចនេះ ខ្ញុំត្រូវអរគុណដល់មនុស្សជាច្រេីន មនុស្សដែលតែងតែនៅអបផ្លូវ គាំទ្រនឹងផ្តល់ឱកាសជានិច្ច។ ថ្វីត្បិតថាខ្ញុំមិនទាន់ដេីរដល់គោលដៅ តែខ្ញុំកំពុងដេីរទៅមុខជានិច្ច ដេីរឆ្ងាយជាងខ្ញុំការពីម្សិលមិញ។ ‪#‎Work_Until_You_No_Longer_Have_To_Introduce_Yourself‬
ជារួមត្រលប់មកវិញ 22ឆ្នាំមកនេះខ្ញុំអរគុណទៅដល់គ្រប់យ៉ាង ទៅដលគ្រប់់គ្នា ជាពិសេសអ្នកផ្ទះ អ្នកផ្ទះដែលធ្វេីរឿងជាច្រេីនសម្រាប់ខ្ញុំរហូតមក។ អរគុណមិត្តភ័ក្រ្ត មិត្តរួមការងារ នឹងអ្នកជុំវិញខ្លួន ដែលតែងតែល្អ នឹងយោគយល់ចំពោះខ្ញុំ។ អរគុណចៅហ្វាយនាយដែលតែងតែ សណ្តោសនឹងផ្តល់ឱកាស។ អរគុណសំណាងល្អដែលនៅខាងខ្ញុំជានិច្ច។ ខ្ញុំអរគុណសេចក្តីល្អគ្រប់យ៉ាងដែលអ្នកធ្លាប់ធ្វេីមកលេីខ្ញុំ។ ខ្ញុំរីករាយដែលបានរស់រួមលោកជាមួយពួកអ្នក៕

Posted in Uncategorized

ទិវាភពផែនដី Earth Day

ដូចទម្លាប់រាល់ដង បើកភ្នែកឡើងដំបូង គឺទាញទូរស័ព្ទមកមើល តែនៅថ្ងៃនេះ អ្វីដែលធ្វើអោយចំលែកចិត្តបន្តិច គឺ ហ្វេសប៊ុក បានប្រកាសខាងលើគេតែម្តងថា ថ្ងៃនេះ គឺជា ទិវាភពផែនដី ឬយើងហៅជា ភាសាអង់គ្លេស ថា Earth Day។ និយាយដល់ ភពផែនដី អ្វីដែលខ្ញុំនឹកទៅដល់ដំបូងគេ គឺ ភពមួយដែលមានរាងមូលៗក្នុងប្រព័ន្ធព្រះអាទិត្យ ភពមួយ ដែលអាចផ្តល់ជីវិតទៅដល់ភាវៈរស់ នឹងជា ភពមួយ ដែលពោរពេញទៅដោយធម្មជាតិស្រស់បំព្រង។ ជាមួយកត្តាអំណោយផលទាំងអស់នេះ ពីមួយថ្ងៃ ទៅ មួយថ្ងៃ ពីមួយឆ្នាំ ទៅមួយឆ្នាំ រហូតដល់បច្ចុប្បន្ន បច្ចុប្បន្នដែល ផែនដីមួយនេះមានអាយុកាលជាង ៤ពាន់លានឆ្នាំ ទៅហេីយនោះ បានផ្តល់ឱកាសនៃការកើតឡើងនូវសត្វលោកមួយប្រភេទ សត្វលោក ដែលយើងអោយឈ្មោះថា «មនុស្ស»។ មនុស្ស ដែលមានជាង 7ពាន់នាក់ ? ជាង ៧.000.000.000នាក់??? ឃើញចំនួននេះ យេីងនឹងលាន់មាត់ថា ម៉េចក៏ច្រើនយ៉ាងនេះ? តើពិភពលោកដែល ៧០ភាគរយ គ្របដណ្តប់ទៅដោយផ្ទៃទឹក ទៅហើយនោះ អាចទ្រទ្រង់ចំនួនដ៏សន្ធឹកសន្ធាប់នេះបានដែរ?  ចម្លើយគឺ ពិតជា បាន ព្រោះផែនដី ស្រលាញ់អ្នក ផែនដីស្រលាញ់គ្រប់យ៉ាង ដែលគាត់បានបង្កើតឡើង។ ហេតុអ្វីបានជា ខ្ញុំហ៊ាននិយាយថា ផែនដី ស្រលាញ់យើងទាំងអស់គ្នា ? ព្រោះ ផែនដីកើតមកសម្រាប់យើង ផែនដីធ្វើគ្រប់យ៉ាងដើម្បីការពារយើង។ ផែនដី យកកំណើតជា ភពទីបី ក្នុងប្រព័ន្ធព្រះអាទិត្យ រើសយកទីតាំងដែលអាចគេចចេញពី អាចម៍ផ្កាយ នឹងគ្រោះមហន្តរាយអវកាស នាៗ។ មានព្រះអាទិត្យ តែមួយ ព្រះច័ន្ទតែមួយ មានរង្វិលជុំ ៣៦៥ថ្ងៃ និង ៨ម៉ោងក្នុងមួយឆ្នាំ មានរង្វិលខ្ញាល់ ២៤ម៉ោង ក្នុងមួយថ្ងៃ មាន ៤រដូវ មានអុកស៊ីសែន សម្រាប់មនុស្សសត្វ មាន កាបូនិច សម្រាប់រុក្ខជាតិ មាន ធនធានរ៉ែ រាប់មិនអស់ នឹងមានសូម្បីតែស្រទាប់អូហ្សូនដើម្បីការពារយើងពី កម្មរស្មី UV ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ កត្តាទាំងអស់នេះហើយដែលធ្វើអោយពូជមនុស្សខ្លួនតូចៗ ដូចពួកយើង អាចវិវឌ្ឍ នឹងរីកចម្រើនឡើង  រីកចម្រើនរហូតធ្វើអោយយើងភ្លេចខ្លួន នឹងច្រលំថា យើងជាម្ចាស់់ផែនដី។ យើងចាប់ផ្តើមធ្វើការទន្រ្ទានកាន់កាប់ផែនដីនេះ ចាប់ផ្តើមបំផ្លាញបរិស្ថាន កាប់ដើមឈើ សម្លាប់សត្វព្រៃ និងមានរឿងព្រៃផ្សៃ អមនុស្សធម៍ជាច្រើន ទៀត ដែលយើងបានធ្វើដើម្បី តែមហិច្ឆតានឹងការចង់បានហួសហេតុរបស់យើង។ បើយើងសាកក្រលេកមើលក្រោយតែបន្តិច យើងនឹងឃើញថា ភូមិស្ថានតូចៗ វាលស្រែ វាលស្រូវ នឹងព្រៃឈើ ដែលយើងធ្លាប់តែឃើញ ធ្លាប់អាស្រ័យផលបានបាត់បង់អស់ទៅហើយ ជំនួសមកវិញដោយអាគារខ្ពស់ រោងចក្រឧស្សាហកម្មធំៗ ឬក៏វាលដាច់កន្ទុយភ្នែកដែលមានសុទ្ធតែគល់ឈើគួរអោយស្រណោះ គ្មានទៀតឡើយជីវិតជាមួយធម្មជាតិ។ និយាយដល់ចំណុចនេះ នឹងមានគេសួរ ហើយម៉េច ចង់រស់ជាមួយធម្មជាតិនឹងចង់អោយត្រលប់ទៅនៅក្នុងព្រៃ ចង់រស់ជារបៀបជាកុលសម្ព័ន្ធវិញមែន? ចម្លើយ មិនមែននោះទេ ដើរមកដល់ចំណុចនេះ គឺជាប្រវត្តសាស្រ្តរបស់មនុស្សជាតិ ខ្ញុំមានមោទនភាព ប៉ុន្តែខ្ញុំគ្រាន់តែចង់អោយយើងរស់នៅដោយការគោរព ស្រលាញ់ និងដឹងគុណចំពោះផែនដីជាងនេះបន្តិច ព្រោះ ផែនដីមិនមែនជា កម្មសិទ្ធិរបស់យើង ឬពពួកសត្វ និងរុក្ខជាតិណាទាំងអស់ តែផែនដីជា អ្នកមានគុណ គុណដែលមិនអាចកាត់ថ្លៃ។ ស្រលាញ់ផែនដីអោយច្រើន នោះផែនដី នឹងស្រលាញ់អ្នកវិញមិនតិចដូចគ្នា៕ #រីករាយទិវាភពផែនដីcropped-forest-head.jpg